ប្រព័ន្ធទិន្នន័យស្រះជម្រកត្រីសហគមន៍ (CFR)

ជលផលទឹកសាបមានសារៈសំខាន់ណាស់ដល់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពរស់នៅ ក្នុងប្រទេស   កម្ពុជា។ ការថយចុះជម្រកវារិជាតសំខាន់ៗ ជាពិសេសជម្រកនៅរដូវប្រាំង បានប៉ះពាល់ដល់ភាពចម្រុះនិងភាពសម្បូរនៃមច្ឆាជាត។ ដើម្បីបង្កើនការការពារជម្រកត្រីសំខាន់ៗ រដ្ឋបាលជលផលបានគាំទ្រដល់ការបង្កើតស្រះជម្រកត្រីសហគមន៍ (CFR) សរុបមានចំនួន ៩៣៨ កន្លែង (នៅតំបន់ទឹកសាបទាំងអស់) នៅទូទាំងប្រទេស ដើម្បីការពារជម្រកត្រីនៅរដូវប្រាំង ដែលភាគច្រើនមិនភ្ជាប់ទៅនឹងប្រភពទឹកធម្មជាតិ។ តាមរយៈការការពារតំបន់ ជម្រកភៀសខ្លួននៅរដូវប្រាំងដល់ត្រីមេពូជ នឹងជួយបង្កើនផលនេសាទ នៅរដូវត្រីបំលាស់ទីចេញពីជម្រកការពារទៅតំបន់ទំនាបលិចទឹកក្នុងរដូវវស្សា ជួយបង្កើនភាពចម្រុះនិងភាពសម្បូរដល់មច្ឆាជាត ដែលជាចំណែកជួយគាំទ្រដល់សន្តិសុខស្បៀងនិងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

ការប្រមូលទិន្នន័យស្តីពីស្ថានភាពសង្គម-អេកូឡូស៊ីនៃស្រះជម្រកត្រីសហគមន៍ រួមនឹងការវាយតម្លៃពីការចូលរួម និងសមត្ថភាពរបស់សហគមន៍និងស្ថានភាពគ្រប់គ្រង ត្រូវបានអនវុត្ដ ដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ដែលជានាយកដ្ឋានទទួលខុសត្រូវលើការគ្រប់គ្រងនិងការអភិវឌ្ឍស្រះជម្រកត្រីសហគមន៍ទូទាំងប្រទេសកម្ពុជា។ ការប្រមូលទិន្នន័យភាគច្រើនមានការគាំទ្រដោយគម្រោង ហើយមិនត្រូវបានគេអនុវត្ដញឹកញាប់ ដោយសារការខ្វះខាតមូលនិធិ។ ទិន្នន័យស្តីពីស្រះជម្រកត្រីសហគមន៍ ដែលមាននៅតាមខេត្តមួយចំនួន ភាគច្រើនខេត្ដនៅជុំវិញតំបន់បឹងទន្លេសាប ជាការប្រមូលទិន្នន័យទទួលបានការគាំទ្រពីអង្គការ WorldFish។ ទិន្នន័យអំពីស្រះជម្រកត្រីសហគមន៍ភាគច្រើនបង្ហាញពីទីតាំង ទំហំ និងការរៀបចំគ្រប់គ្រងសហគមន៍ ចំណែកឯព័ត៌មានអំពីមុខងារអេកូឡូស៊ី ការវាយតម្លៃសមត្ថភាព ប្រភពមូលនិធិ ឬប្រសិទ្ធភាពអនុវត្ដ មានលក្ខណៈមិនពេញលេញ ឬមិនបានប្រមូល។ ដើម្បីឆ្លើយតបនឹងចំនុចខ្វះខាតនេះ ក្នុងអំឡុងឆ្នាំ២០២១ ការស្ទង់មតិអំពីសារពើភ័ណ្ឌ CFRs ត្រូវបានរៀបចំនិងអនុវត្ដ នៅឆ្នាំ២០២២ មានការពិនិត្យកែសម្រួលកម្រងសំណួរបន្ថែម និងបន្ដអនុវត្ដការស្ទង់     មតិ។ កម្មវិធី FAO CAPFISH-Capture បានគាំទ្របច្ចេកទេសក្នុងការពិនិត្យកែសម្រួលការស្ទង់មតិឡើងវិញ និងការអភិវឌ្ឍឧបករណ៍ប្រមូលទិន្នន័យតាមបែបឌីជីថល ដោយប្រើកម្មវិធី Kobo ToolboxGIZ បានគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការ WorldFish ដែលជាការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការក្នុងការអនុវត្ដការស្ទង់មតិ CFRs បន្ថែមលើទិន្នន័យ ដែលប្រមូលបានដោយរដ្ឋបាលជលផល។ ការស្ទង់មតិនេះត្រូវបានបញ្ចប់នៅដើមឆ្នាំ២០២៣ ដោយបានប្រមូលទិន្នន័យ CFRs ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០២៣ ក្រោមជំនួយថវិការបស់សហភាពអឺរ៉ុប រដ្ឋបាលជលផលបានធ្វើការវាយតម្លៃប្រសិទ្ធភាព CFRs ចំនួន ១០០ ទន្ទឹមគ្នានេះដែរ គម្រោងស្ទង់មតិមួយចំនួនត្រូវបានគេគ្រោងក្នុងផែនការ ហើយគេរំពឹងថាមានការអនុវត្ដការស្ទង់មតិបន្ថែម យ៉ាងទៀងទាត់។

ដើម្បីឱ្យទិន្នន័យនិងព័ត៌មាន ដែលមានទាំងអស់ អាចអោយអ្នកប្រើប្រាស់ចូលទៅប្រើនិងអាចរកបាន ផតថល (Portal) ទិន្នន័យអំពីស្រះជម្រកត្រីសហគមន៍ ត្រូវបានបង្កើតឡើងដោយអង្គការ Open Development Cambodia ក្រោមជំនួយបច្ចេកទេសពីគម្រោង FAO CAPFISH Capture ។ នៅក្នុង Portal នេះ មានសំណុំទិន្នន័យមួយចំនួនស្ដីពីការស្ទង់មតិ ដែលបានអនុវត្ដដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមនឹងការបង្ហាញព័ត៌មានជាច្រើនអំពី CFR នីមួយៗ។ ទីតាំងនៃទិន្នន័យ CFR នីមួយៗមានបង្ហាញជូននៅលើផែនទី ភ្ជាប់ទៅព័ត៌មានលម្អិតអំពី CFR នីមួយៗ ក្នុងនោះក៏មានបង្ហាញថាមានសំណុំទិន្នន័យណាខ្លះ ដែលអាចអោយអ្នកប្រើប្រាស់អាចទាញយកបាន។ ប្រព័ន្ធនេះ អាចអោយអ្នកប្រើប្រាស់បញ្ចូលព័ត៌មានតាមសំណុំទិន្នន័យរងនៃ CFR ហើយប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីផ្តល់សិទ្ធិចូលប្រើប្រាស់ព័ត៌មានអំពី CFR ជាក់លាក់ ដើម្បីយល់ដឹងអំពីតួនាទីគ្រប់គ្រងរបស់សហគមន៍ និងបង្កើនការយល់ដឹងអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅថ្នាក់មូលដ្ឋាន។ ទិន្នន័យអំពី CFR សហគមន៍អនុញ្ញាតឱ្យអ្នកកសាងគោលនយោបាយ DP/NGOs អាជ្ញាធរមូលដ្ឋាន និងគណៈ កម្មាការសហគមន៍ និងសមាជិក ប្រើប្រាស់ទិន្នន័យ ដែលប្រមូលបាន សម្រាប់ចាត់អាទិភាពដល់ការគាំទ្រ CFR នីមួយៗ និងសហការលើការការពារប្រព័ន្ធអេកូឡូវារិជាតរបស់ប្រទេសកម្ពុជា។ Portalទិន្នន័យនេះត្រូវបានរចនាឡើងជាទម្រង់ឧបករណ៍ ដែលអាចកែសម្រួលបាន ហើយ Portal ទិន្នន័យអាចអោយគេអភិវឌ្ឍបន្ថែមជាបន្ដបន្ទាប់ ដោយផ្អែកលើមតិកែលម្អដោយអ្នកប្រើប្រាស់។